គុណប្រយោជន៍ដ៏មានតម្លៃរបស់ប្រទាលកន្ទុយក្រពើ ដែលអ្នកមិនអាចទិញបាន

0
341

ថ្វីត្បិតតែប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិព្រៃ និងងាយដុះលូតលាស់។ ប៉ុន្តែវាផ្ទុកទៅដោយគ្រឿងផ្សំមានប្រយោជន៍ជាច្រើនសម្រាប់ស្បែក និងដងខ្លួនរបស់អ្នក។ តោះមកដឹងពីការប្រើប្រាស់នៃប្រទាលកន្ទុយក្រពើ។

ព្យាបាលការរលាក

ជាទូទៅយើងប្រើប្រាស់ប្រទាលកន្ទុយក្រពើ គឺដើម្បីព្យាបាលការរលាក។ នៅពេលដែលអ្នករងកំដៅខ្លាំងពីពន្លឺព្រះអាទិត្យ ឬមានគ្រោះថ្នាក់នៅក្នុងផ្ទះបាយ។ អ្ន​កអាចកាត់ស្លឹកប្រទាលកន្ទុយក្រពើ ហើយលាបជែលនោះទៅលើកន្លែងដែលរលាកដើម្បីកាត់បន្ថយការឈឺចាប់ និងរមាស់។ ប្រទាលកន្ទុយក្រពើ ក៏ជាជំរើសល្អសម្រាប់ការរលាកស្បែកដោយសារពន្លឺព្រះអាទិត្យនិងប្រភេទស្បែកឆាប់ក្រហាយ។ វាមានប្រសិទ្ធិភាពប្រឆាំងនឹងការរលាក និងផ្តល់សំណើមនៅលើស្បែក។

ព្យាបាលដំបៅមាត់

ជាធម្មតាដំបៅមាត់លេចឡើងចន្លោះពី ៧-១០ ថ្ងៃទើបជាសះស្បើយ។ ក្នុងកំឡុងពេលនេះអ្នកជំងឺច្រើនតែមិនស្រួលខ្លួន ដោយសារតែឈឺដំបៅ និងពិបាកក្នុងការញ៉ាំអាហារ។ ទោះយ៉ាងណាការសិក្សាបានរកឃើញថា ការប្រើជែលប្រទាលកន្ទុយក្រពើលាបលើដំបៅមាត់ប៉ុន្មានដង វាអាចជួយពន្លឿនក្នុងការជាសះស្បើយយ៉ាងមានប្រសិទ្ធភាព។

ប្រើជាជែលបករោម

ប្រទាលកន្ទុយក្រពើមានជែលច្រើន ហើយអ្នកអាចប្រើជែលនោះមកបករោមធម្មជាតិ។ ដូច្នេះ អ្នកអាចប្រើវាលាបនៅលើជើង ក៏ដូចជាមុខរបស់អ្នក ដើម្បីបករោមបានងាយស្រួលផងដែរ។

ជួយបំប៉នសក់

អ្នកកាត់ស្លឹករបស់ប្រទាលកន្ទុយក្រពើមួយ មកច្របាច់វា ហើយលាបជែលលើសក់របស់អ្នក។ បន្ទាប់មកទុកមួយសន្ទុះ ហើយលាងសម្អាតចេញ។ អ្នកនឹងទទួលបានសក់ទន់ ថែមទាំងជួយបំប៉នដល់សក់របស់អ្នក។ លើសពីនេះទៅទៀត វាជួយធ្វើអោយសក់របស់អ្នកត្រង់ល្អ មើលទៅស្រស់ស្អាត និងមានសុខភាពផងដែរ។

ការពារការទល់លាមក

ប្រទាលកន្ទុយក្រពើ គឺជាថ្នាំបញ្ចុះលាមកដ៏មានប្រសិទ្ធិភាព។ ដូច្នេះ វាជាមធ្យោបាយដ៏ល្អដើម្បីការពារ និងព្យាបាលការទល់លាមក។ នេះគឺដោយសារតែជែលប្រទាលកន្ទុយក្រពើមានផ្ទុកនូវសមាសធាតុមួយហៅថាអាឡូអ៊ីន (ឬបារីទីន) ដែលជួយធ្វើឱ្យបត់ជើងស្រួល និងការពារការទល់លាមកបានយ៉ាងល្អ។

ព្យាបាលអង្គែលើស្បែកក្បាល និងជួយឱ្យស្បែកក្បាលមានសុខភាពល្អ

ជែលប្រទាលកន្ទុយក្រពើផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលអាចបណ្តុះស្បែកក្បាលឡើងវិញ និងកាត់បន្ថយការរលាកស្បែកក្បាល។ ជាពិសេស ការលាបជែលប្រទាលកន្ទុយក្រពើទៅស្បែកក្បាល ក៏អាចជួយព្យាបាលអង្គែលើស្បែកក្បាលបានយ៉ាងឆាប់រហ័សផងដែរ។ លើសពីនេះ ជែលប្រទាលកន្ទុយក្រពើ ក៏ត្រូវបានចាត់ទុកជាអាថ៌កំបាំងដ៏អស្ចារ្យមួយ ដែលអាចជួយអោយសក់អ្នករលោង និងមានសុខភាពល្អ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here