តិចនិកតមអាហារ ៥ យ៉ាងជួយសម្រកទម្ងន់បានឆាប់រហ័ស

0
251

ការតមអាហារគឺពិតជាសំខាន់ និងបានផលពិតៗក្នុងការសម្រកទម្ងន់ តែក៏បូករួមជាមួយការហាត់ប្រាណផងដែរ។ ពីព្រោះតមអាហារតែមួយមុខក៏អាចធ្វើអោយអ្នកស្រកទម្ងន់បានដែរ តែពិបាកបន្តិច។ ប្រសិនបើអ្នកជ្រើសគ្រប់គ្រងរបបអាហារ ប៉ុន្តែមិនដឹងញ៉ាំរបៀបណាបានត្រឹមត្រូវ។ ថ្ងៃនេះយើងនឹងនាំយកតិចនិក ៥ យ៉ាងពីរបបអាហារ និងជួយសំរកទម្ងន់ ហើយឃើញលទ្ធផលឆាប់រហ័ស។ តើញ៉ាំអាហាររបៀបណាទើបអាចសម្រកទម្ងន់ ចេញរាងស្អាត និងរាងកាយមានសុខភាពល្អ?

១ នៅអោយឆ្ងាយពីជាតិផ្អែម

ប្រសិនបើអ្នកអាចឈប់ញ៉ាំរបស់ផ្អែមៗ វានឹងកាន់តែងាយស្រួលក្នុងការសម្រកទម្ងន់។ ប៉ុន្តែនៅតែមានមនុស្សជាច្រើនមិនជឿ ហើយមិនទប់ៗខ្លួនឯងពីការញ៉ាំរបស់ដែលមានជាតិស្ករ។ តែជំនួសមកវិញដោយរកតែអាហារ ឬផលិតផលណាដែលផ្ទុកជាតិផ្អែមជំនួសស្ករទៅវិញ។ ប៉ុន្តែតើអ្នកមានដឹងទេជាតិផ្អែមសិប្បនិមិត្តនោះមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពពោះវៀន? និងដំណើរការមេតាប៉ូលីសដែលប៉ះពាល់ដល់ការឡើងទម្ងន់យ៉ាងងាយស្រួល។ ហើយក៏ធ្វើអោយស្បែករបស់អ្នកកាន់តែយ៉ាប់មើលផងដែរ។ ដូច្នេះហើយ​ ប្រសិនបើចង់កាត់បន្ថយការដុះក្បាលពោះ អ្នកគួរតែជៀសវាងពីរាល់អាហារ ឬផលិតផលណាដែលមានជាតិផ្អែម។ ដោយងាកមកញ៉ាំផ្លែឈើដែលមានជាតិផ្អែមពីធម្មជាតិជំនួសវិញ ដើម្បីល្អសម្រាប់សុខភាព។

២ រកមើលរបបអាហារណាដែលអ្នកចូលចិត្ត

នេះគឺជាកូនសោរដែលធ្វើអោយអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធិភាព និងច្បាស់ៗម៉ង។ អ្នកជំនាញខាងផ្នែកអាហារបាននិយាយថា អាហារគឺជារបស់មួយដែលអាចបំពេញសេចក្តីសុខក្នុងចិត្ត​ និងបង្កើតភាពរីករាយ។ ដូច្នេះយើងអាចញ៉ាំអាហារណាដែលល្អសម្រាប់សុខភាពបានយូរ និងមិនចាំបាច់ទ្រាំញ៉ាំ។ វិធីសាស្រ្តដែលល្អក្នុងការគ្រប់គ្រងរបបអាហារ និងទម្ងន់ អ្នកគួរជ្រើសរើសអាហារសុខភាពណាដែលអ្នកចូលចិត្ត បែបនេះអ្នកនឹងរីករាយក្នុងការញ៉ាំ។

៣ កុំអង្គុយរាប់កាឡូរី

ការដែលរាប់កាឡូរីមិនមានប្រសិទ្ធិភាពក្នុងការជួយអោយអ្នកសម្រកទម្ងន់នោះទេ។ ជំនួសអោយអង្គុយរាប់កាឡូរីដើម្បីសម្រកទម្ងន់ អ្នកគួរតែងាកទៅញ៉ាំអាហារណាដែលល្អសម្រាប់សុខភាព និង​ញ៉ាំអោយបានទៀងពេល។ ប្រសិនបើអ្នកចង់សម្រកទម្ងន់ និងឃើញលទ្ធផល ព្យាយាមសា្តប់ និងបណ្តោយអោយរាងកាយយើងជាអ្នកប្រាប់។ ប្រសិនបើរាងកាយយើងមានអារម្មណ៍ឆ្អែត អ្នកត្រូវឈប់ញ៉ាំភ្លាមៗ។ ប៉ុន្តែបើសិនជាឃ្លាន អ្នកគួររកអីញ៉ាំភ្លាមៗ ដោយមិនភ្លេចបន្ថែមជាមួយអាហារដែលល្អសម្រាប់សុខភាព។

៤ អាចសម្រកទម្ងន់បាន​ តែមិនមែនខ្លាញ់ដែលល្អនោះទេ

បាត់បង់ជាតិខ្លាញ់ ពិតជាអាចធ្វើអោយអ្នកស្រកទម្ងន់។ ប៉ុន្តែខ្លាញ់ទាំងនោះ មិនរាប់បញ្ចូលទាំងខ្លាញ់ល្អដែលមានអត្ថប្រយោជន៍សម្រាប់រាងកាយនោះទេ។ ពីព្រោះខ្លាញ់ល្អគឺចាំបាច់សម្រាប់រាងកាយ។ ប្រសិនបើអ្នកចង់ស្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាព វាពិតជាចាំបាច់ក្នុងការទទួលទានខ្លាញ់ល្អ ដើម្បីអោយរាងកាយមានកំលាំង។ អាហារដែលមានផ្ទុកខ្លាញ់ល្អ​មានដូចជា៖ ផ្លែប័រ ត្រីសាល់ម៉ុន សណ្តែក និងសូកូឡា ដែលដើរតួយ៉ាងសំខាន់ក្នុងការជួយសំរកទម្ងន់។ កាន់តែមានកំលាំង និងជៀសពីហានិភ័យនៃជំងឺផ្សេងៗ។ ខ្លាញ់ល្អនឹងជួយអោយអ្នកមានសុខភាពល្អ​មិនប៉ះពាល់ដល់ទម្ងន់។ កាន់តែសំខាន់នោះ វានឹងជួយអ្នកស្រកទម្ងន់កាន់តែងាយស្រួល ហើយជំរុញដំណើរការរបស់មេតាប៉ូលីស និងជំរុញសកម្មភាពអរម៉ូនផងដែរ។

៥ កុំព្យាយាមសាកល្បងរបបអាហារសម្រកទម្ងន់តាមនរណាម្នាក់ឡើយ

យើងមិនត្រូវបង្ខំខ្លួនឯងអោយញ៉ាំរបបអាហារទៅតាមនរណាម្នាក់ដែលស្រកទម្ងន់បានសម្រេចរួចហើយឡើយ។ ពីព្រោះមនុស្សម្នាក់ៗមានលក្ខខណ្ឌរាងកាយខុសៗគ្នា។ តម្រូវការនៃប្រភពកំលាំងក៏ខុសគ្នាទៅតាមធម្មជាតិរបស់មនុស្សដែរ។ ដូច្នេះអ្នកគួរតែពិនិត្យលក្ខខណ្ឌរាងកាយរបស់អ្នក និងរកមើលមុខម្ហូបអាហារសុខភាពណាដែលចាំបាច់ ហើយសាកសមសម្រាប់រូបរាងរបស់អ្នក និងចំនួននៃកំលាំងដែលយើងត្រូវការ។ ជ្រើសរើសម៊ឺនុយណាដែលមកជាមួយនឹងអត្ថប្រយោជន៍។ គ្រាន់តែប៉ុណ្ណេះ វាពិតជាអាចទៅរួចក្នុងការសម្រកទម្ងន់ ក៏ដូចជាសម្រេចបាននូវលទ្ធផលយ៉ាងគាប់ចិត្ត។

ក្រៅពីជ្រើសរើសញ៉ាំរបស់ដែលល្អសម្រាប់សុខភាព អ្នកគួររៀនពីការញ៉ាំអាហារអោយបានត្រឹមត្រូវ។ វាក៏ជាជំនួយមួយដែលអោយអ្នកស្រកទម្ងន់បានឆាប់រហ័ស បូករួមជាមួយនឹងការហាត់ប្រាណ។ ការស្រកទម្ងន់នឹងលែងជាឧបសគ្គសំរាប់អ្នកទៀតហើយ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here