តើរបៀបគេងបែបណាដែលស័ក្តសមបំផុតសំរាប់អ្នកនិងដៃគូអ្នក?

0
382

ការគេងនៅក្បែរអ្នកណាម្នាក់ មានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពរបស់យើង ដោយចាប់ផ្តើមពីការកាត់បន្ថយភាពតានតឹងរហូតដល់ការជំរុញប្រព័ន្ធភាពស៊ាំរបស់យើង។ ប៉ុន្តែអ្នកចិត្តសាស្រ្តក៏ប្រាកដដែរថា របៀបនៃការគេងអាចបង្ហាញច្រើនអំពីទំនាក់ទំនងរវាងដៃគូទាំងពីរ និងចង្អុលបង្ហាញពីបញ្ហាដែលមិនបាននិយាយចេញមកក្រៅ។ ដូច្នេះ ដល់ពេលហើយដើម្បីរកឱ្យឃើញថាអ្វីខ្លះដែលយើងមិនដឹងខ្លួន ហើយវាកំពុងព្យាយាមប្រាប់ និងបង្ហាញពីអ្វីខ្លះដែលឆ្លុះបញ្ចាំងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។
វាចា ជឿជាក់ថាយើងគួរតែឆ្លៀតឱកាស ដើម្បីស្វែងយល់បន្ថែមអំពីខ្លួនយើង និងអារម្មណ៍ពិតរបស់យើង។ ដូច្នេះ យើងចង់ឱ្យអ្នកសាកក្រឡេកមើលពីរបៀបនៃការគេងរបស់គូស្នេហ៍ខាងក្រោមនេះ និងអត្ថន័យលាក់កំបាំងរបស់ពួកគេ។

១ គេងរៀងដូចជាស្លាបព្រា

ការគេងរៀងស្លាបព្រា គឺជាទីតាំងដែលមានភាពស្និទ្ធស្នាលនិងលួងលោម ដែលកើតចេញពីអារម្មណ៍ និងធ្វើអោយមានការប៉ះរវាងស្បែកនិងស្បែក។ ដៃគូដែលដើរតួជា“ ស្លាបព្រាធំ” ទំនងជាអ្នកការពារ និងផ្តល់ឱ្យ។ ឯ“ ស្លាបព្រាតូច” ពិតជាអ្នកទទួលអារម្មណ៍ពីការការពារនេះ ប៉ុន្តែអាចត្រូវការការថែទាំបន្ថែមនៅក្នុងទំនាក់ទំនងស្នេហានេះ។ ការគេងរបៀបនេះមានន័យថា ដៃគូទាំងពីរអាចពឹងផ្អែកលើគ្នាបាន ហើយពួកគេអាចគ្រប់គ្រងនិងបង្កើតបរិយាកាសល្អៗ ហើយមានសុវត្ថិភាពសម្រាប់ខ្លួនពួកគេ។
គេងរបៀបស្លាបព្រានេះ គឺល្អសម្រាប់សុខភាពរបស់ដៃគូទាំងពីរ ព្រោះវាមិនដាក់សម្ពាធលើខ្នងហើយជួយបំបាត់ការគេងស្រមុក។ ទោះជាយ៉ាងណាក៏ដោយ ដៃគូគួរយកចិត្តទុកដាក់លើសន្លាក់ស្មា ​និងជង្គង់របស់ពួកគេ ហើយត្រូវប្រាកដថាពួកគេនឹងមិនឈឺឬចុករោយ។

២ គេងចូលគ្នា

គេងចូលគ្នា គឺជាទីតាំងស្និទ្ធស្នាលខ្លាំងដែលប្រហាក់ប្រហែលនឹងការឱបយ៉ាងជិតស្និទ្ធ។ ហើយមានការប្រាស្រ័យទាក់ទងគ្នាពេញលេញក្នុងពេលគេង។ វាគឺជារឿងធម្មតាក្នុងចំណោមប្តីប្រពន្ធថ្មីថ្មោងដែលមិនចង់ដកដៃចេញពីគ្នា សូម្បីតែពេលគេង។ ប្តីប្រពន្ធដែលមានទំនាក់ទំនងយូរអង្វែងកម្រនឹងគេងបែបនេះណាស់ ប៉ុន្តែប្រសិនបើពួកគេអាចធ្វើវាបានជាសញ្ញានៃការចូលចិត្តដែលមិនគួរឱ្យជឿ ឬអាចបង្ហាញពីភាពអាស្រ័យលើទំនាក់ទំនងស្នេហារបស់ពួកគេ។
ថ្វីត្បិតតែមានភាពរ៉ូមែនទិកខ្លាំងមែន ប៉ុន្តែនេះមិនមែនជាទីតាំងគេងល្អបំផុត ទាក់ទងនឹងសុខភាពនោះទេ។ ការនៅជិតគ្នាពេក មិនសូវមានចន្លោះសម្រាប់ការដកដង្ហើមឡើយ ហើយដៃគូអាចនឹងមានអាការៈឈឺខ្លួនប្រាណ នៅពេលព្រឹកដោយសារតែភាពរឹងនៃសន្លាក់។

៣ គេងទល់ខ្នងគ្នា

ការគេងទល់ខ្នងគ្នា គឺជាទីតាំងសម្រាកមួយដែលអនុញ្ញាតឱ្យដៃគូទាំងពីររីករាយនឹងរាងកាយដែលនៅតែមានកន្លែងទំនេរផ្ទាល់ខ្លួន។ វាបង្ហាញថាមានតុល្យភាពល្អរវាងភាពស្និទ្ធស្នាលនិងឯករាជ្យភាពក្នុងទំនាក់ទំនង។ ដៃគូដែលជ្រើសរើសរបៀបគេងនេះ មានអារម្មណ៍សុខស្រួលជាមួយគ្នាហើយមិនត្រូវការហេតុផលច្រើនពេកពីស្នេហារបស់ពួកគេទេ ប៉ុន្តែនៅតែចង់បង្ហាញពីអារម្មណ៍ទន់ភ្លន់របស់ពួកគេ។
ដៃគូទាំងពីរដែលគេងនៅខាងរបស់ពួកគេនេះ គឺជាទីតាំងដែលមានសុខភាពល្អសម្រាប់ខ្នងរបស់ពួកគេ។ ជាពិសេសនោះ​ ពួកគេអាចដាក់ដៃតាមរបៀបណាក៏បានដែលពួកគេចូលចិត្ត។ ប៉ុន្តែដៃគូទាំងពីរគួរតែប្រយ័ត្នប្រយែងជាមួយនឹងសន្លាក់របស់ពួកគេ ដើម្បីការពារការឈឺនិងចុករោយ។

៤ គេងបែរមុខចូលគ្នា តែមិនប៉ះគ្នា

ខណៈពេលដែលអវត្តមាននៃការប៉ះគ្នាអាចមើលទៅដូចជាសញ្ញានៃការមានបញ្ហា តែនេះមិនត្រូវ១០០ភាគរយទេ។ ការគេងនៅក្នុងទីតាំងនេះអាចបង្ហាញថា ដៃគូទាំងពីរចង់បានអ្វីមួយបន្ថែមទៀតនៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ ដូចជាការយកចិត្តទុកដាក់, ភាពស្និទ្ធស្នាល ឬការប្រាស្រ័យទាក់ទង។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនដែលបានទទួលវាទេ។ នេះមិនមែនជារឿងអាក្រក់ខ្លាំងទេ ជាពិសេសប្រសិនបើដៃគូទាំងពីរអាចស្តាប់គ្នា ហើយយល់ព្រមរៀនពីបទពិសោធន៍នោះ។
ទីតាំងនេះមានផាសុកភាពទាក់ទងនឹងសុខភាពរាងកាយ ប៉ុន្តែដៃគូទាំងពីរគួរតែខិតខំប្រឹងប្រែងដើម្បីការពារភាពមិនស្រួលខាងផ្លូវចិត្ត។ ទីតាំងនេះល្អឥតខ្ចោះ សម្រាប់ការចង់ពិភាក្សាគ្នាមុនពេលគេង ដែលអាចជួយបង្កើនភាពស្និទ្ធស្នាលនិងលើកកម្ពស់ការសន្ទនាដោយបើកចំហពីអារម្មណ៍និងតម្រូវការរបស់គ្នាទៅវិញទៅមក។

៥ គេងលើដើមទ្រូង

ដៃគូដែលជ្រើសរើសគេងរបៀបនេះ មានជំនាញក្នុងការសហការធ្វើការជាមួយគ្នាយ៉ាងរឹងមាំ ហើយមើលឃើញគ្នាជាក្រុមតែមួយ។ ពួកគេទុកចិត្តគ្នា ហើយត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាទាំងអស់ជាមួយគ្នា។ ប៉ុន្តែមនោសញ្ចេតនានិងភាពទន់ភ្លន់នៅតែមាននៅក្នុងទំនាក់ទំនងរបស់ពួកគេ។ ដូចការគេងរបៀបស្លាបព្រាដែរ ទីតាំងនេះបង្ហាញពីការចង់ការពាររបស់ដៃគូម្នាក់។
ទោះបីមានការប៉ះគ្នាបែបនេះរ៉ូមែនទិកក៏ដោយ ការគេងបែបនេះមិនស្រួលទេ។ ដៃគូអ្នកអាចទទួលរងពីការស្ពឹកស្រពន់ ឬមានអារម្មណ៍ហប់ ក្តៅខ្លាំង ដោយសារការប៉ះពាល់ស្បែកនិងស្បែក។

៦ គេងម្នាក់ម្ខាងនៃគ្រែ

របៀបនេះអាចបង្ហាញពីភាពឯករាជ្យ និងការដែលពេញចិត្តនឹងនៅម្នាក់ឯងគ្រប់គ្រាន់ហើយរបស់ដៃគូ។ ទោះជាយ៉ាងណាក៏ដោយ កង្វះនៃការប៉ះរាងកាយអាចបង្ហាញពីការមានបញ្ហាយ៉ាងច្បាស់ក្រឡែត និងអាក់អន់ចិត្តនៅក្នុងទំនាក់ទំនងស្នេហា។ ប្រសិនបើដៃគូឃ្លាតឆ្ងាយពីគ្នាភ្លាមៗនៅពេលពួកគេចូលគេង ដោយព្យាយាមគេងលក់អោយឆាប់រហ័ស នេះអាចជាសញ្ញានៃជម្លោះលាក់កំបាំងដែលមិនអាចដោះស្រាយបាន ដែលកំពុងរំខានដល់ដៃគូទាំងពីរ។
ការដែលព្យាយាមបិទបាំងរាងកាយ និងចង់គេងដាច់ដោយឡែក បង្ហាញពីកម្រិតខ្ពស់នៃការមិនសប្បាយចិត្ត និងការថប់បារម្ភ។ ដៃគូទាំងពីរកំពុងដកខ្លួនចេញពីបញ្ហា ហើយមិនចូលចិត្តអើពើនឹងវា និងជំនួសដោយការនិយាយគ្នាពីរឿងផ្សេងៗ។

៧ គេងដូចផ្កាយសមុទ្រ

ការគេងបែបនេះមានផាសុកភាពណាស់ សម្រាប់អ្នកដែលដើរតួជា “ផ្កាយសមុទ្រ” ប៉ុន្តែនាំមកនូវភាពមិនស្រួលជាច្រើនដល់ដៃគូរបស់អ្នក។ ដោយអ្នកយកកន្លែងទំនេរទាំងអស់ ទុកឱ្យដៃគូគេងម្ខាងទៀតនៅលើគែមគ្រែ។ ទីតាំងនៃការគេងនេះអាចបង្ហាញពីការបែងចែកតួនាទីនៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ។ ដៃគូម្នាក់ចូលចិត្តធ្វើអាត្មានិយម, ចង់បានគ្រប់យ៉ាង ខណៈពេលដែលដៃគូម្នាក់ទៀតព្យាយាមសម្របសម្រួល និងកាត់បន្ថយតម្រូវការរបស់ពួកគេ។
ផលប៉ះពាល់សុខភាពក៏ដូចគ្នា អ្នកដែលដើរតួជា“ផ្កាយសមុទ្រ” ទទួលបានអត្ថប្រយោជន៍ទាំងអស់ ដូចជាបំបាត់ការឈឺឆ្អឹងខ្នង, គេងគ្រប់គ្រាន់ និងភ្ញាក់ពីគេងមកស្រស់ស្រាយ។ ដៃគូម្ខាងទៀត ត្រូវគេងបានតិចជាងមុន ដោយសារទីតាំងនៃកន្លែងគេង ហើយមានលទ្ធភាពខ្ពស់ក្នុងការគេងស្រមុក និងប្រព័ន្ធការពាររាងកាយងាយនឹងចុះខ្សោយផងដែរ។

៨ គេងផ្កាប់មុខទាំងពីរនាក់

ការគេងបែបនេះអាចបង្ហាញពីបញ្ហាទុកចិត្តមួយចំនួននៅក្នុងទំនាក់ទំនងស្នេហាពួកគេ។ វាមានន័យថាដៃគូទាំងពីរកំពុងព្យាយាមបិទបាំងដៃគូម្ខាងទៀត ហើយលាក់អារម្មណ៍ពិតរបស់ពួកគេ។ ដៃគូទាំងពីរ អាចឈ្លោះគ្នាដោយកំហឹងនិងងាយទទួលអារម្មណ៍រងគ្រោះ ហើយមានអារម្មណ៍ថប់បារម្ភខ្លាំង ក្នុងការបញ្ចេញអារម្មណ៍របស់ពួកគេ។ ប្រសិនបើអ្នកកត់សម្គាល់ថាការគេងនេះប្រែទៅជាទម្លាប់មួយហើយនោះ វាប្រហែលជាដល់ពេលដែលអ្នកត្រូវសន្ទនាដោយស្មោះត្រង់ជាមួយដៃគូរបស់អ្នក។
ក្រៅពីនេះការគេងផ្កាប់លើក្រពះ គឺមិនមានអត្ថប្រយោជន៍អ្វីទាំងអស់។ វាដាក់សម្ពាធលើឆ្អឹងខ្នង ជាពិសេសនៅផ្នែកខាងក្រោម និងតម្រូវឱ្យអ្នកបង្វែរក្បាលទៅតែមួយចំហៀង។ ប្រសិនបើអ្នកមិនអាចបញ្ឈប់ការគេងក្នុងទីតាំងនេះ អ្នកគួរតែដាក់ខ្នើយនៅក្រោមពោះរបស់អ្នក ដើម្បីបន្ថយសម្ពាធលើឆ្អឹងខ្នងរបស់អ្នក។

៩ គេងគងជើងគ្នា

ការគេងគងជើង គឺសុភាពនិងទន់ភ្លន់ ហើយជាសញ្ញាដែលមានការផ្សារភ្ជាប់អារម្មណ៍ច្រើន។ ប្រសិនបើដៃគូទាំងពីរធ្វើវាហើយឆ្លើយតបនឹងសកម្មភាពនេះ វាជាសញ្ញាល្អដែលបង្ហាញពីចំណង់ចំណូលចិត្ត និងក្តីស្រលាញ់នៅក្នុងទំនាក់ទំនងស្នេហា។ ដៃគូទាំងពីរយល់ឃើញថាទំនាក់ទំនងស្នេហានេះជាការរួបរួម និងស្មោះត្រង់ចំពោះគ្នា។ ប៉ុន្តែប្រសិនបើមានតែដៃគូម្នាក់ប៉ុណ្ណោះដែលជាអ្នកប៉ះ។ វាប្រហែលជាដល់ពេល ដើម្បីមកថ្លឹងថ្លែងពីទំនាក់ទំនងស្នេហារបស់អ្នកហើយ។
ការគេងគងជើងផ្តល់នូវជម្រើសជាច្រើន សម្រាប់របៀបគេងរបស់ដៃគូទាំងពីរ។ ដូច្នេះពួកគេទាំងពីរអាចគេងលក់ស្រួលនិងស្វែងរកទីតាំងដែលល្អបំផុតសម្រាប់ពួកគេ។

១០ គេងទល់មុខគ្នា

ការគេងបែបនេះ គឺប្រហាក់ប្រហែលនឹងចំនុចទី២ ប៉ុន្តែផ្តល់ឱ្យដៃគូទាំងពីរអាចមានសេរីភាពច្រើន។ ការគេងបែបនេះបង្ហាញថា ជាទូទៅដៃគូទាំងពីរសប្បាយចិត្ត និងពេញចិត្តចំពោះទំនាក់ទំនងស្នេហារបស់ពួកគេ។ ពួកគេត្រូវរ៉ូវគ្នា ហើយរស់នៅដោយចុះសម្រុងជាមួយគ្នា។ ដៃគូទាំងពីរងាយស្រួលបង្ហាញពីភាពស្និទ្ធស្នាលរបស់ពួកគេ ប៉ុន្តែកុំធ្វើអោយគ្នាពិបាកដកដង្ហើម ដោយការនៅជាប់គ្នាពេក។
ការគេងទល់មុខអាចល្អសម្រាប់ការសន្ទនាពេលរាត្រី ប៉ុន្តែប្រហែលជាមិនមានប្រសិទ្ធិភាពសម្រាប់ប្តីប្រពន្ធទាំងអស់ទេ។ ព្រោះមនុស្សភាគច្រើនមិនចូលចិត្តអោយអ្នកគេងក្បែរខ្លួនដកដង្ហើមដាក់មុខពេញមួយយប់នោះទេ។

១១ គេងកើយលើស្មា

ការគេងនេះប្រហាក់ប្រហែលនឹងការគេងនៅលើទ្រូងរបស់ដៃគូអ្នក ប៉ុន្តែទទួលបានអារម្មណ៍ខុសគ្នា។ វាបង្ហាញថាដៃគូម្នាក់ដើរតួជាអ្នកការពារ ដែលតែងតែជួយផ្តល់ជំនួយ និងការគាំទ្រ ចំណែកម្នាក់ទៀតរំពឹងលើដៃគូអោយជួយ។ វាបង្ហាញថាដៃគូម្នាក់មានភាពលេចធ្លោជាង ប៉ុន្តែនៅក្នុងន័យមួយដែលពួកគេទាំងពីរមានសុខភាពល្អ និងធ្វើអោយដៃគូមានទំនុកចិត្តលើអារម្មណ៍របស់ពួកគេ ហើយពោរពេញដោយក្តីស្រឡាញ់។
ការគេងនៅក្នុងទីតាំងនេះមានគុណវិបត្តិស្រដៀងគ្នាដូចរបៀបផ្សេងទៀតដែរ។ ដែលធ្វើអោយដៃគូទាំងពីរជិតស្និទ្ធនឹងគ្នា តែមានឱកាសខ្ពស់អោយដៃគូអ្នកភ្ញាក់ពីគេងមកមានការឈឺខ្លួនដោយសារតែពេលយប់មានការដាក់ដៃមិនស្រួល។

១២ គេងរបៀបខុសគ្នា តែម្នាក់ដាក់ដៃលើ

គេងរបៀបខុសគ្នា តែមានម្នាក់ដាក់ដៃលើ គឺល្អឥតខ្ចោះសម្រាប់ប្តីប្រពន្ធណាដែលចូលចិត្តគេងនៅក្នុងរបៀបផ្សេងៗគ្នា ឬរើច្រើននៅពេលយប់។ ប៉ុន្តែនៅតែចង់មានទំនាក់ទំនងគ្នាដោយការប៉ះរាងកាយខ្លះ។ ឧទាហរណ៍៖ ដៃគូម្នាក់អាចដេកផ្ងារ ឬហៅថាខ្នងទល់ពូករបស់ពួកគេ ហើយដាក់ដៃលើខ្នងរបស់ដៃគូម្នាក់ទៀត ពេលពួកគេគេងនៅក្នុងរបៀបអង្គុញខ្លួនដូចកូនក្មេង។ វាបង្ហាញថាដៃគូទាំងពីរយកចិត្តទុកដាក់ចំពោះគ្នា ហើយត្រៀមខ្លួនសម្របសម្រួលដើម្បីបំពេញតំរូវការរបស់គ្នាទៅវិញទៅមក។
ដៃគូនេះ តែងតែចង់បង្ហាញពីក្តីស្រឡាញ់ចំពោះដៃគូរបស់ពួកគេ។ ប៉ុន្តែពួកគេយកចិត្តទុកដាក់ និងមិនចង់ធ្វើអោយដៃគូគេថប់ដង្ហើម។ ដោយគេងបែបនេះផ្តល់នូវការគេងលក់ស្រួលដល់ដៃគូទាំងពីរ ហើយមិនត្រូវការរើ ឬផ្លាស់ប្តូរច្រើននាពេលយប់។

តើរបៀបគេងបែបណាដែលអ្នកនិងដៃគូរបស់អ្នកជ្រើសរើស? តើអ្នកគិតថាវាឆ្លុះបញ្ចាំងពីទំនាក់ទំនងស្នេហារបស់អ្នកដែរឬទេ? យើងខ្ញុំចូលចិត្តអានអំពីបទពិសោធន៍របស់អ្នកនៅក្នុងមតិយោបល់។

រូបភាពដោយ: Alena Tsarkova

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here