រូបមន្តរក្សាសម្រស់ងាយៗ ជាមួយនឹងគ្រឿងផ្សំនៅក្នុងផ្ទះបាយ

0
102

បើនិយាយទៅមិនថាក្នុងយុគសម័យណានោះទេ រឿងសម្រស់នៅតែជារឿងសំខាន់។ គ្រាន់តែពេលខ្លះយើងលួចគិតក្នុងចិត្ត បើអាចកាត់បន្ថយចំណាយបានខ្លះក៏ល្អម៉្យាងដែរ។ ប៉ុន្តែការដែលលួចគិតបែបនេះ មិនមែនបានន័យថាពេលយើងនៅផ្ទះមិនចាំបាច់ខ្វល់ខ្វាយរឿងសម្រស់នោះទេ។
មានមិត្តនារីយើងមួយចំនួនមិនសូវជាបានយកចិត្តទុកដាក់លើការថែសម្រស់របស់ខ្លួនឡើយ ដោយសារគាត់គិតថានៅតែផ្ទះនិងមិនមានត្រូវចេញទៅជួបនរណាផង។ ការពិតទៅយើងគួរណាតែយកពេលវេលានេះមកថែរក្សាសម្រស់អោយបានល្អវិញទើបជាការប្រសើរ។
ខាងក្រោមនេះជារូបមន្តសម្រាប់ធ្វើស្ក្រាប់ធម្មជាតិដោយមិនចាំបាច់ចេញទៅក្រៅផ្ទះនោះទេ។ គ្រាន់តែតម្រង់ទៅផ្ទះបាយ យកគ្រឿងផ្សំមកលាយចូលគ្នាជាការស្រេច។

រូបមន្តទី១៖ ប៉េងប៉ោះ + ស្ករស

សម្រាប់រូបមន្តមួយនេះនឹងជួយជម្រុះកោសិកាស្បែកចាស់ៗ ធ្វើអោយស្បែកប្រែមកជាស និងភ្លឺរលោងស្អាត។ ដោយសារតែប៉េងប៉ោះមានផ្ទុកនូវសារធាតុលីកូពីនដែលអាចការពារស្បែកពីកាំរស្មីយូវី និងជួយព្យាបាលបញ្ហាស្បែកជាំផងដែរ។

វិធីផ្សំ៖ ចិញ្ច្រាំប៉េងប៉ោះអោយម៉ត់ សឹមយកមកលាយជាមួយនឹងស្ករស។ បន្ទាប់មកយកវាមកខាត់លើស្បែកថ្នមៗរួចទុកចោលរយៈពេល១០នាទី ហើយលាងទឹកចេញជាការស្រេច។ រូបមន្តមួយនេះដែរ អ្នកអាចអនុវត្តពី២ទៅ៣ដងក្នុងមួយសប្តាហ៍។

រូបមន្តទី២៖ ប្រេងដូង + ស្ករស + ត្រសក់

ចំណែកឯរូបមន្តមួយនេះវិញនឹងជួយបន្ថែមសំណើមដល់ស្បែក កាត់បន្ថយបញ្ហាស្បែកស្ងួត និងជួយជម្រុះកោសិកាចាស់ៗ។ លើសពីនេះត្រសក់ក៏អាចជួយដល់អ្នកដែលមានបញ្ហាមុនផងដែរ។ ដូច្នេះមិត្តនារីយើងដែលមានបញ្ហារឿងមុនអាចសាកជាមួយរូបមន្តមួយនេះបាន ដោយគ្រាន់តែយកស្រ្កាប់មកដុសថ្នមៗលើស្បែក។

វិធីផ្សំ៖ ចិញ្ច្រាំត្រសក់អោយល្អិត បន្ទាប់មកយកលាយជាមួយស្ករស និងប្រេងដូង។ ហើយសឹមយកមកស្ក្រាប់លើស្បែក និងទុកចោលពី៥ទៅ១០នាទី។ អ្នកអាចអនុវត្តរូបមន្តនេះពី២ទៅ៣ដងក្នុងមួយសប្តាហ៍។

រូបមន្តទី៣៖ ក្រូចឆ្មារ + ប្រេងដូង + អំបិល

មួយក្រុមនេះវិញគឺអាចជួយបានដល់អ្នកដែលចង់បានស្បែកស កាត់បន្ថយស្នាមអុជខ្មៅ និងបន្ថែមសំណើមដល់ស្បែកផងដែរ។ ពីព្រោះក្រូចឆ្មារមានផ្ទុកអាស៊ីតម៉្យាងដែលជួយអោយស្បែកកាន់តែសស្អាត។ ប៉ុន្តែអ្នកគួរតែប្រុងប្រយ័ត្នកុំអោយប៉ះត្រូវកន្លែងដែលមានដំបៅ ឬរបួស ព្រោះវាអាចធ្វើអោយទៅជារលាក។

វិធីផ្សំ៖ ជាដំបូងអ្នកត្រូវច្របាច់ក្រូចឆ្មារយកតែទឹកសិន រួចយកមកលាយជាមួយអំបិល និងប្រេងដូងអោយក្លាយទៅជាល្បាយស្អិតៗ។ បន្ទាប់មកយកលាបលើស្បែក និងទុកយកចោលពី៣ទៅ៥នាទី។ សម្រាប់រូបមន្តមួយនេះ អ្នកមិនគួរធ្វើលើសពីម្តងក្នុងមួយសប្តាហ៍នោះទេ។

រូបមន្តទី៤៖ ល្ហុង + យ៉ាអួរ

ផ្លែល្ហុងមានផ្ទុកជាតិវីតាមីនAខ្ពស់ដែលជួយដល់អ្នកដែលមានប្រភេទស្បែកស្ងួត និងស្បែកប្រេះ។ ចំណែកឯយ៉ាអួរវិញ ដើរតួនាទីជួយរក្សាស្បែកអោយមើលទៅក្មេងជាងវ័យ តឹងណែន និងកាន់តែរលោងផងដែរ។

វិធីផ្សំ៖ យកល្ហុងទុំមកញិចអោយម៉ត់ល្អ និងលាយជាមួយយ៉ាអួរហើយកូររហូតដល់ស្មើសាច់។ អ្នកអាចយកមកលាបធ្វើជាម៉ាសមុខក៏បាន ជាស្រ្កាប់ស្បែកក៏បានដែរ។ សម្រាប់រូបមន្តមួយនេះ អ្នកអាចអនុវត្តបានជាប្រចាំថ្ងៃ។

រូបមន្តទី៥៖ អំពិលទុំ + យ៉ាអួរ

សាកល្បងរូបមន្តនេះនឹងជួយអោយស្បែករបស់កាន់តែក្មេង និងភ្លឺចែងចាំង។ ដោយសារតែអំពិលទុំនឹងជួយជម្រុះកោសិកាស្បែកងាប់ ហើយជួយអោយស្បែកស និងភ្លឺចាំងពីក្នុងផងដែរ។

វិធីផ្សំ៖ អ្នកត្រូវអំពិលទុំមកឆ្កឹះគ្រាប់ចេញ ហើយញិចជាមួយនឹងទឹកក្តៅអ៊ុនៗបន្តិចដើម្បីអោយចេញជាទឹកអំពិល រួចសឹមយកមកលាយជាមួយយ៉ាអួរ។ ចំពោះរូបមន្តមួយនេះដែរ យើងសូមណែនាំអោយអ្នកប្រើជាមួយនឹងសារធាតុផ្សំធម្មជាតិតែប៉ុណ្ណោះ។ បន្ទាប់យកអ្នកអាចយកមកខាត់លើស្បែក និងទុកចោលពី៥ទៅ៨នាទី។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here