ល្បិចថែទាំស្បែកមុខអោយស្អាតដោយខ្លួនឯង មិនចាំបាច់ទៅគ្លីនិក

0
427

ការជ្រើសរើសវិធីថែរក្សាស្បែកមុខនៅផ្ទះ អ្នកអាចមានឱកាសបានបន្ធូរអារម្មណ៍របស់អ្នក និងស្បែករបស់យើងបានច្រើន កំឡុងពេលស្ថានភាពនៅខាងក្រៅបែបនេះ។ ទោះបីហាងទំនិញមួយចំនួនត្រូវបានបិទ គ្លីនិកក៏មិនសូវមាន ប៉ុន្តែស្បែករបស់យើងនៅតែត្រូវការព្យាបាលដូចមុន។ ជាពិសេសក្នុងអំឡុងពេលនេះ អ្នកមិនអាចទៅណាបាន សាកប្រើឱកាសនេះដើម្បីថែរក្សា និងចិញ្ចឹមស្បែករបស់យើងឱ្យរលោង និងភ្លឺថ្លា។ ទំរាំដល់ពេលគេបើកអោយមានការជួបជុំម្តងទៀត ម្នាក់ៗនឹងភ្ញាក់ផ្អើលពីសម្រស់របស់អ្នក។ ដូចនេះ អ្នកអាចមកមើល និងចាប់យកវិធីព្យាបាលមុខបានយ៉ាងងាយស្រួល និងមិនពិបាក។

ជំហានទី១​៖ សំអាត និងដុសលាងមុខ

១ លើកសក់ឡើងអោយអស់

អ្នកអាចប្រើកៅស៊ូ ឬបូរចូកសក់ឡើងលើចេញអោយអស់ពីមុខរបស់យើង។

២ លាងមុខរបស់អ្នកជាមួយជេល ឬហ្វូមសំអាតមុខ

អ្នកលាងសំអាតមុខរបស់អ្នកជាមួយទឹកក្តៅអ៊ុនៗ ជំនួសអោយទឹកត្រជាក់ ឬទឹកក្តៅខ្លាំងដែលជាការល្អសំរាប់មុខដែលងាយរងប្រតិកម្ម។ អ្នកគួរតែសំអាតចេញអោយអស់នូវគ្រឿងសម្អាងលើមុខ មុននឹងចាប់ផ្តើមការថែរក្សាមុខអ្នក។

៣ ប្រើស្ក្រាប់ធម្មជាតិ ឬផលិតផលស្ក្រាប់មុខ

ពីព្រោះពេលដែលអ្នកស្ក្រាប់មុខនឹងជួយសំអាតកោសិកាស្បែកដែលងាប់នៅស្រទាប់ស្បែកមុខខាងលើ។ លើសពីនេះនឹងធ្វើអោយស្បែកមុខអ្នកភ្លឺចែងចាំង និងមិនជាំ។ នេះអាចចាត់ទុកជាជំហានសំខាន់មួយក្នុងការថែទាំមុខ។

៤ លាងសំអាតមុខ និងជូតមុខអោយស្ងួត

លាងសំអាតមុខរបស់អ្នកម្តងទៀត ដើម្បីអោយច្បាស់ថាមិនមានសល់កំទេចស្រ្កាប់ពីការស្រ្កាប់មុខមុននេះទេ។ យើងណែនាំអោយអ្នកប្រើកូនកន្សែងតូចផ្សើមជាមួយទឹកក្តៅអ៊ុនៗមកជូតវាចេញ ហើយអ្នកអាចជូតមុខអោយស្ងួតជាមួយនឹងកន្សែងពោះគោម្តងទៀត។

៥ ម៉ាស្សាមុខ មុននឹងលាបផលិតផលថែរក្សាស្បែក

ការម៉ាស្សាមុខនឹងជួយអោយឈាមរត់បានល្អ ព្យាយាមម៉ាស្សាមុខរបស់អ្នកមុននឹងចាប់ផ្តើមប្រើប្រាស់ផលិតផលថែរក្សាស្បែកដើម្បីទទួលបានលទ្ធផលកាន់តែល្អ។ ចាប់ផ្តើមដោយប្រើចង្អុលដៃ និងដៃកណ្តាល ម៉ាស្សាស្រាលៗធ្វើចលនាជារង្វង់អូសទៅថ្ងាស ហើយពីថ្ងាសមកកៀន បន្ទាប់មកម៉ាស្សាពីច្រមុះមកថ្ពាល់។

ជំហានទី២៖ សំអាតរន្ធញើស

១ ស្ទីមដើម្បីបើករន្ធញើស

ការដែលអ្នកស្ទីមមុននឹងព្យាបាលមុខ នឹងជួយបើករន្ធញើសដើម្បីត្រៀមសំរាប់ពេលអ្នកបិទម៉ាស ឬសំអាតភាពកខ្វក់នៅជំហានបន្ទាប់។ អ្នកអាចធ្វើបានយ៉ាងងាយ ដោយគ្រាន់តែដាំទឹកអោយពុះ និងចាក់ចូលក្នុងចានគោមដែលមានទំហំប៉ុនមុខរបស់អ្នក។ អ្នកស្ទីមមុខជាមួយចំហា​យទឹកប្រហែល ៥នាទី។

២ ជ្រើសរើសប្រភេទម៉ាស

នៅពេលដែលរន្ធញើសរបស់អ្នកបើក គឺរួចរាល់សំរាប់ទទួលការព្យាបាល។ ដោយយើងអាចចាប់ផ្តើមប្រើម៉ាសបិទមុខ ឬសំអាតភាពកខ្វក់ដែលចេញពីរន្ធញើស។ អ្នកអាចជ្រើសរើសប្រើប្រាស់ជាម៉ាសសន្លឹក ម៉ាសភក់ គ្រីមម៉ាស ឬសូម្បីតែម៉ាសដែលធ្វើដោយខ្លួនឯង តាមដែលអ្នកចូលចិត្ត។

៣ រង់ចាំ ១៥ នាទី

កំឡុងពេលរង់ចាំម៉ាសមុខរយៈពេល ១៥នាទី អ្នកក៏អាចបិទម៉ាសភ្នែករបស់អ្នកក្នុងពេលតែមួយបានដែរ។ អ្នកអាចប្រើចំនិតត្រសក់ ប៉េងប៉ោះ ឬកញ្ចប់តែដែលឆុងរួច ដើម្បីអោយភ្នែករបស់អ្នកមើលភ្លឺច្បាស់ដូចមុខរបស់អ្នកអញ្ចឹង។

លាងសំអាតមុខ និងជូតមុខអោយស្ងួត

បន្ទាប់ពីបកម៉ាសចេញ អ្នកគួរប្រើទឹកក្តៅអ៊ុនៗមកលាងសំអាតមុខរបស់អ្នក។ ដើម្បីបង្ការការស្ទះ អ្នកអាចប្រើកូនកន្សែងផ្សើមជាមួយទឹកត្រជាក់រួចយកមកគ្របលើមុខ ហើយប្រើម្រាមដៃសង្កត់ថ្នមៗ រួចសឹមជូតចេញម្តងទៀត ដើម្បីជូតចេញនូវកាកសំណល់ផ្សេងៗ និងបន្តឹងរន្ធញើស។ បន្ទាប់អ្នកប្រើកន្សែងស្ងួត មកជូតសម្ងួតមុខរបស់អ្នក។

តើអ្នកគិតយ៉ាងណាដែរ? ជាមួយនឹងល្បិចខាងលើដែលយើងបានដាក់បញ្ចូលគ្នា។ វាចា សូមផ្តាំអ្នករាល់គ្នា កុំព្យាយាមធ្វើជំហានទាំងនេះពេលអ្នកស្រវឹងខ្លាំង ព្រោះវាអាចធ្វើឱ្យមុខរបស់យើងរលាក។ ហើយបន្ទាប់ពីធ្វើតាមវិធីព្យាបាលខាងលើហើយ កុំភ្លេចប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខ ដើម្បីបន្ថែមសំណើម និងចិញ្ចឹមស្បែករបស់អ្នកផងដែរ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here