វិធីធ្វើម៉ាសមុខពីផ្លែល្ហុង ប្តូរពីស្បែកខូចអោយទៅជារលោងស្អាត

0
298

អ្នកណាៗក៏ចង់បានស្បែករលោងស្អាតដែរ។ ប៉ុន្តែជាមួយនឹងអាកាសធាតុក្តៅបូកផ្សំនឹងផ្សែងពុល វារាងពិបាកតិចក្នុងការរក្សាស្បែកអោយរលោងស្អាត។ ដូច្នេះហើយដើម្បីរក្សាស្បែកអោយរលោង និងទន់ល្មើយ វាចាំបាច់ក្នុងការរកដំនោះស្រាយ និងផ្តល់សំណើមដល់ស្បែកតាមរយៈរបបអាហារ, គ្រឿងសម្អាង និងគ្រីមសម្រាប់ស្បែក។ ប៉ុន្តែតើធ្វើម្តេចទើបយើងអាចប្រាកដថាទាំងអស់នោះមិនមានផ្ទុកសំណល់សារធាតុគីមីផ្សេងៗដែលអាចនាំអោយស្បែករបស់យើងមានបញ្ហាកាន់តែធ្ងន់ធ្ងរនៅពេលក្រោយ? ខាងក្រោមនេះជាវិធី ៣យ៉ាងធ្វើចេញមកពីផ្លែល្ហុងដែលអ្នកមិនត្រឹមតែអាចញ៉ាំបានមួយមុខនោះទេ។ ហើយក៏ងាយស្រួលក្នុងការអនុវត្តនៅផ្ទះដោយខ្លួនឯងផងដែរ។

១ ម៉ាសមុខសម្រាប់អ្នកដែលមាន ស្បែកស្ងួត

សម្រាប់អ្នកណាដែលមានស្បែកស្ងួត គឺយើងណែនាំអោយប្រើផ្លែល្ហុង និងទឹកឃ្មុំ។ ទាំងពីរមុខនេះដាក់ចូលគ្នា ដឹងតែលទ្ធផលចេញមកកប់សេរីតែម្តង។ ជាមួយនឹងទឹកឃ្មុំជួយចិញ្ចឹមដល់ស្បែក កំឡុងពេលអង់ស៊ីមនៅក្នុងសាច់ផ្លែល្ហុងជួយបង្រួមរន្ធញើស និងសម្អាតស្បែកបានជ្រៅផងដែរ។

របៀបធ្វើ៖

យកផ្លែល្ហុងចិតរួច ¼នៃកែវ, ទឹកឃ្មុំ  ½កូនស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ½កូនស្លាបព្រាកាហ្វេ។ ពេលដាក់គ្រឿងគ្រប់ លាយវាចូលគ្នារហូតចេញសាច់ឡើងខាប់ដូចគ្រីម។ បន្ទាប់មកលាបពេញលើមុខ ហើយទុកចោលអោយស្ងួតប្រហែល១០នាទី។ ហើយអ្នកលាងសម្អាតជាមួយនឹងទឹកត្រជាក់។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ អ្នកអាចបិទម៉ាសនេះជាប្រចាំថ្ងៃ។

២ ម៉ាសមុខសម្រាប់អ្នកដែលមាន ស្បែកខ្លាញ់

សម្រាប់អ្នកដែលមានប្រភេទស្បែកឡើងខ្លាញ់ អ្នកគួរតែងាកមកប្រើផ្លែល្ហុង និងផ្លែក្រូច។ ពីព្រោះសាច់ផ្លែក្រូចមានផ្ទុកទឹកចំរាញ់ពីធម្មជាតិដែលអាចជួយកាត់បន្ថយការផលិតប្រេងនៃស្បែក។ លាយពីរមុខនេះចូលគ្នានឹងធ្វើអោយស្បែករលោងស្អាតតែម្តង។

របៀបធ្វើ៖

លាយផ្លែល្ហុងដែលចិតរួច ៣កូនស្លាបព្រាកាហ្វេ និងទឹកក្រូចចូលគ្នា។ បន្ទាប់មកក្រឡុកចូលគ្នាអោយសព្វ លាបវាលើមុខ។ រួចទុកចោល១៥នាទី និងលាងសម្អាតជាមួយទឹកស្អាត។ អ្នកនឹងឃើញលទ្ធផលដូចអ្វីដែលអ្នករំពឹងទុក។

៣ ម៉ាសមុខសម្រាប់អ្នកដែលមាន ស្បែកធម្មតា

សម្រាប់អ្នកណាដែលចង់បានស្បែកភ្លឺ, មានសំណើម និងរលោងបែបធម្មជាតិ។ យើងណែនាំអោយលាយ៣មុខនេះចូលគ្នា៖ ផ្លែល្ហុង, ផ្លែចេក និងត្រសក់។

របៀបធ្វើ៖

ចាប់ផ្តើមដោយលាយបីមុខនេះចូលគ្នាអោយខាប់ដូចគ្រីម។ បន្ទាប់មកលាបលើមុខ​ និងកអោយសព្វ។ ហើយទុកម៉ាសនេះចោលប្រហែល ១០ទៅ១២នាទី និងលាងសម្អាតជាមួយទឹកក្តៅអ៊ុនៗ។ ប្រសិនបើអ្នកមានគ្រីមផ្តល់សំណើម អ្នកអាចលាបវាលើមុខជាការស្រេច។

វិធីទាំងប៉ុន្មានខាងលើនេះគឺពិតជាល្អ ពីព្រោះវាមិនពិបាក, មិនច្របូកច្របល់ និងមិនថ្លៃផងដែរ។ ដោយអ្នកគ្រាន់តែចំណាយពេលប៉ុន្មាននាទីដើម្បីរៀបចំគ្រឿងផ្សំ អ្នកនឹងអាចទទួលបានស្បែកភ្លឺស្អាតត្រឡប់មកវិញ។ តោះចាំអីទៀត មកធ្វើទាំងអស់គ្នា!!

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here