ហាមធ្វើរឿងទាំង៤នេះ ពេលទៅលេងផ្ទះគេលើកដំបូង

0
176

យើងជឿជាក់ថាមនុស្សម្នាក់ៗមានទម្លាប់រៀងៗខ្លួន រាល់ពេលទៅលេងផ្ទះនរណាម្នាក់។  ជាពិសេសយើងត្រូវតែដឹងពីរបៀបរក្សាឥរិយាបទគួរធ្វើយ៉ាងណា នៅពេលទៅលេងផ្ទះគេជាលើកដំបូង និងអ្វីដែលមិនត្រូវប្រព្រឹត្តដើម្បីជៀសវាងខ្មាសគេ និងអាម៉ាស់មុខដល់ម្ចាស់ផ្ទះផងដែរ។ ទោះបីជាម្ចាស់ផ្ទះជាប្រុសឬស្រីក៏ដោយ ពួកគេតែងតែមានកន្លែងឬបន្ទប់ផ្ទាល់ខ្លួនដែលមិនចូលចិត្តអោយអ្នកដទៃមកប៉ះ ឬចូលក្នុងកន្លែងនោះទេ។ ដូច្នេះអ្នករាល់គ្នាគួរតែយកចិត្តទុកដាក់លើចំនុចទាំង៤ខាងក្រោមនេះ៖

១ ដោះស្បែកជើង មុននឹងឈានជើងចូលក្នុងផ្ទះ

មានមនុស្សមួយចំនួនមានទម្លាប់មិនដោះស្បែកជើងនៅក្នុងផ្ទះរបស់ខ្លួននោះទេ។ ប៉ុន្តែជាការគួរសមយើងត្រូវតែដោះស្បែកជើងមុននឹងឈានជើងចូលក្នុងផ្ទះនរណាម្នាក់។ លុះត្រាតែម្ចាស់ផ្ទះមិនព្រមអោយយើងដោះស្បែកជើងតែប៉ុណ្ណោះ។ ហើយយើងក៏ត្រូវសួរទៅកាន់ម្ចាស់ផ្ទះផងដែរថាតើយើងគួរដោះស្បែកជើងពីខាងក្រៅ រឺខាងក្នុងផ្ទះ។

២ កុំអង្គុយនៅលើគ្រែគេងរបស់ម្ចាស់ផ្ទះ

ទោះបីយើងជាមិត្តជិតស្និទ្ធរបស់ម្ចាស់ផ្ទះក៏ដោយ ក៏មិនគួរចូលផ្ទះគេភ្លាមដើរតម្រង់ទៅអង្គុយលើគ្រែគេងរបស់ម្ចាស់ផ្ទះដែរ។ ទម្លាប់មួយនេះអាចធ្វើអោយម្ចាស់ផ្ទះមានការខឹងសម្បារជាខ្លាំង។ ព្រោះនេះជាគ្រែដែលគេទុកសម្រាប់គេង និងជាកន្លែងមួយដែលត្រូវតែស្អាតជានិច្ច។ ប្រសិនបើយើងធ្វើបែបនេះអាចបណ្តាលអោយបាក់តេរីទាំងឡាយតោងជាប់នៅលើពូករបស់ពួកគេផងដែរ។

៣ កុំញ៉ាំនំចំនីក្នុងបន្ទប់គេងរបស់ម្ចាស់ផ្ទះ

នេះគឺជាទម្លាប់មួយដែលមនុស្សសឹងតែគ្រប់គ្នាមិនអាចទទួលយកបាន ដោយមាននរណាម្នាក់មកអង្គុយញ៉ាំអីនៅក្នុងបន្ទប់គេង​​ ឬលើគ្រែគេងរបស់ពួកគេ។ អ្នកណាក៏មានអារម្មណ៍មិនល្អដែរ ពេលគេយកអីមកញ៉ាំហើយជ្រុះលើពូក ឬក្នុងបន្ទប់គេងរបស់ខ្លួននោះ។

៤ កុំប៉ះពាល់របស់របរក្នុងផ្ទះគេ

មានមនុស្សមួយចំនួនចាត់ទុករបស់របរគ្រប់យ៉ាងនៅក្នុងផ្ទះសុទ្ធតែជារបស់ឯកជន និងមិនចូលចិត្តអោយនរណាម្នាក់មកប៉ះឡើយ។ ហើយម្យ៉ាងយើងក៏មិនបានដឹងពីប្រវត្តិនៃរបស់របរនិមួយៗថាតើម្ចាស់គេផ្តល់តម្លៃដល់របស់មួយនោះប៉ុណ្ណាដែរ។ អញ្ចឹងដើម្បីជៀសវាងខ្មាសគេ និងកាន់តែអាម៉ាស់ទៀតនោះក្រែងជ្រុលដៃធ្វើអោយបែកអី ដឹងតែចប់តែម្តង។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here