ហេតុផល​ ៥ យ៉ាង​បង្ហាញ​ថា​ភាព​បរាជ័យ​មិនមែនជារឿងអាក្រក់នោះទេ

0
344

មនុស្ស​គ្រប់​រូប​តែង​រិះរក​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​មានភាព​ជោគជ័យ​ក្នុងជីវិត ក៏ប៉ុន្តែទោះ​ជា​ដាក់​ចិត្ត​ដាក់​កាយ​ លះបង់​ពេលវេលាទាំងអស់របស់ខ្លួន​ក៏ដោយ ពេលខ្លះវាមិន​បានទទួល​នូវ​អ្វីដែល​យើងចង់បាននោះទេ ហើយពេលខ្លះក៏ទទួលបរាជ័យផងដែរ។ គ្មាននរណាម្នាក់ចង់ទទួលបាននូវអារម្មណ៍បែបនេះទេព្រោះវានាំឲ្យយើង អាម៉ាស់មុខ ជាមនុស្សគ្មានតម្លៃ​ ហើយឈឺចាប់បំផុត។ វាចា យល់ថាវាបានបង្ហាញថាយើងច្បាស់ជាមានចំនុចណាមួយខ្វះខាតជាមិនខាន ហើយគិតថាយើងខ្លួនឯងមិនល្អគ្រប់គ្រាន់នោះទេ។ ដោយសារភាពបរាជ័យធ្វើឲ្យយើងមានការភ័យខ្លាច មិនហ៊ាននឹងប្រឈមមុខចំពោះវាម្តងទៀត ហើយយើងក៏មិនចង់ស្រម៉ៃចង់សាកល្បងវាម្តងទៀតដែរ។

រូបតំណាង

ទោះបីជាយ៉ាងណាក៏ដោយ យើងប្រាកដជាជៀសមិនរួចពីការដើរឆ្លងកាត់រឿងរ៉ាវទាំងនោះនៅថ្ងៃណាមួយមិនយូរមិនឆាប់ជាមិនខាន ហើយយើងត្រូវតែដឹងថា​វា​មិនមែនជាបញ្ហាទៀតនោះទេ។ តាមរយៈបទពិសោធន៍ដែលអ្នកធ្លាប់បរាជ័យ វានឹងធ្វើឲ្យអ្នក​ក្លាយជាមនុស្ស​រឹងប៉ឹង ដឹងថាត្រូវដើរផ្លូវណា និង​អភិវឌ្ឍន៍ខ្លួនឯងជាមិនខាន។ អ្វីដែលយើងមិន​បានគិតដល់នោះ គឺវាជាមេរៀនដែលមានតម្លៃមួយ​ដែលបានបង្រៀនយើងនូវរឿងរ៉ាវដែលគ្មានកន្លែងណាបង្រៀនយើងឡើយ។ យើងត្រូវតែបង្រៀនខ្លួនឯងឲ្យមើលឃើញថាការបរាជ័យគឺមិនមែនសុទ្ធតែអាក្រក់នោះទេព្រោះយើងបានចំណាយពេលវេលាដ៏មានតម្លៃទៅលើវា។

ថ្ងៃនេះ វាចា នឹងលើកយកហេតុផល​ចំនួន៥យ៉ាង​បញ្ជាក់ថា​ភាព​បរាជ័យ​គឺជាអ្វីដែលល្អចំពោះខ្លួនយើង

១. បរាជ័យជួយឲ្យអ្នកដឹងថា​ត្រូវ​ដើរផ្លូវណា

នៅពេលខ្លះ យើង​សម្រេច​ចិត្ត​ទៅលើ​អ្វីមួយតាមចិត្តចង់ មិនមែនជា ​អ្វីដែលល្អចំពោះយើងម្នាក់ៗទៅថ្ងៃក្រោយនោះទេ។ នៅពេលដែលយើងធ្លាប់​បរាជ័យ​អ្វីមួយនោះ យើង​នឹងគិត ហើយ​សម្រេចចិត្ត​ម្តងទៀត។ ប្រហែលជាយើង ជួបរឿងបរាជ័យ ព្រោះតែយើង​ជ្រើសរើស​ផ្លូវខុស តែសូមអ្នក​សួរ​ខ្លួនឯងសិននូវប៉ុន្មានសំណួរនេះ ថា តើយើងបានធ្វើអ្វីខុស? តើយើងធ្វើឲ្យមានកំហុសនៅកន្លែងណាមួយ? តើយើងគួរតែធ្វើបែបណា ផ្លាស់ប្តូរអ្វីខ្លះ ដើម្បីទទួលបានលទ្ធផលល្អលើកក្រោយ? តាមរយៈសំណួរទាំងប៉ុន្មាននេះ វានឹងធ្វើឲ្យអ្នកដឹងកាន់តែច្បាស់បន្ថែមទៀត។ យើង រៀនពីវា យើងយល់ពីវា ហើយយើង​មានឱកាសសម្រាប់ រៀបចំឡើងវិញថាតើត្រូវដើរផ្លូវណា ពីព្រោះយើងដឹងច្បាស់ថាផ្លូវនោះមិន​មែន​សម្រាប់យើងនោះទេ។

២. បរាជ័យបានបង្រៀនរឿងជាច្រើនដល់អ្នក

តើអ្នកធ្លាប់បរាជ័យចុង​ក្រោយនៅពេលណា? ហើយអ្នកបានរៀនអ្វីខ្លះពីវា? នៅពេលដែលអ្នក​ជ្រើសរើស​ធ្វើអ្វីមួយបន្ទាប់ទៀត តើអ្នកនឹងលះបង់គ្រប់បែបយ៉ាង ហើយ ពេញចិត្តនឹងវាមែនទេ? ទោះជាយើងធ្វើអ្វីក៏ដោយ ហើយទទួលបានជោគជ័យ ឬបរាជ័យ ចុងក្រោយយើងត្រូវតែទទួលបានបទពិសោធន៍ថ្មីសម្រាប់ខ្លួនអ្នកជាមិនខាន។ ភាពបរាជ័យ​មិនបាន​នាំយកបទពិសោធន៍ទាំងនោះទៅជាមួយនោះទេ វាមានតែជួយឲ្យយើងយល់កាន់តែច្បាស់ថា តើ​វាដំណើរការយ៉ាងដូចម្តេច ឬក៏តើយើងបានធ្វើអ្វីខុស នៅពេលដែលសាកល្បងវាលើកទីមួយ។ ត្រូវតែចាំថាអ្នក មិនដែលខាតបង់អ្វីទេនៅពេលដែលអ្នកសាកល្បងធ្វើអ្វីមួយដែលថ្មីសម្រាប់អ្នក អ្នកតែងតែទទួលបានអ្វីមួយពីវាជាមិនខាន។ ត្រូវដឹងថា ការព្យាយាម ហើយនិងការបរាជ័យគឺជា មេរៀនដ៏ល្អសម្រាប់អ្នក ត្រូវប្រើឱកាសទាំងនោះដើម្បីរៀនពីវា។

៣. បរាជ័យធ្វើឲ្យអ្នករឹងម៊ាំ

ភាពបរាជ័យបានធ្វើឲ្យអ្នកផ្លាស់ប្តូរ ដូចដែលពាក្យគេនិយាយថា “ការដោះស្រាយបញ្ហាធ្វើឲ្យមនុស្សកាន់តែរឹងម៊ាំ” បញ្ហាអាចធ្វើឲ្យអ្នកមានអារម្មណ៍ហត់នឿយ ឈឺចាប់ ធុញទ្រាន់ ហើយមានអារម្មណ៍មិនល្អ ឬអាក់អន់ចិត្ត ក៏ប៉ុន្តែគ្មានអ្វីប្រសើរជាងការដោះស្រាយបញ្ហានោះទេ វាអាចធ្វើឲ្យអ្នករឹងម៊ាំជាងមុន។ នៅពេលដែលយើងបរាជ័យ យើងរៀនទទួលខុសត្រូវលើវា យើងទទួលបានការទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់យើង ហើយយើងនឹងទទួលបានចំណេះដឹងបន្ថែមដើម្បីឲ្យអ្វីដែលយើងធ្វើទៅថ្ងៃមុខកាន់តែមានប្រសិទ្ធភាព។ ភាពបរាជ័យលើកក្រោយ យើងមិនសូវឈឺចាប់ដូចមុននោះទេព្រោះយើងត្រូវតែរឹងម៊ាំឡើង ហើយភាពជោគជ័យក៏មិនបានបង្រៀនអ្នកឲ្យក្លាយជាមនុស្សរឹងម៊ាំចេះដោះស្រាយបញ្ហានោះដែរ។

៤. បរាជ័យធ្វើឲ្យអ្នកក្លាហានជាងមុន

ការងើបពីភាពបរាជ័យវាពិតជាលំបាកសម្រាប់យើង ប៉ុន្តែវានឹងមិនលំបាកពេកនោះទេនៅពេលដែលយើងធ្លាប់បរាជ័យម្តងនោះ។ វាពិតជាសំខាន់ណាស់ពីព្រោះភាពបរាជ័យតែងតែតាម​បន្លាច​យើង​គ្រប់ពេលវេលា ហើយនៅពេលដែលយើងខ្លាចរឿងអ្វីមួយនោះយើងច្បាស់ជា​ហាក់​មិនចង់​ប្រថុយ​ដើម្បី​ដើរទៅមុខទៀតនោះទេ។ ប្រសិនបើអ្នក​យល់​ពីភាព​បរាជ័យ​បានគ្រប់ជ្រុងជ្រោយ នោះអ្នកនឹង​ដឹងថា​ត្រូវធ្វើអ្វី​ដើម្បីឲ្យមានភាពជឿជាក់​លើ​ខ្លួនឯង​នៅពេលដែលអ្នកចង់សាកល្បងវាម្តងទៀតនៅថ្ងៃណាមួយ។ ត្រូវដឹងថា​រឿងអ្វីដែលអ្នកធ្លាប់ឆ្លងកាត់​ពីមុនមកវាគឺជាបទពិសោធន៍ដ៏មានឥទ្ធិពលសម្រាប់អ្នកទៅថ្ងៃក្រោយ។

៥. បរាជ័យល្អជាងការដែលមិនព្រមសាកល្បង

តើអ្នកដឹងទេថារឿងអ្វីជាការបរាជ័យពិតប្រាកដ? គឺ ការស្តាយក្រោយ នៅពេលដែលអ្នកមិនព្រមរៀនពីភាពបរាជ័យទាំងនោះ ហើយនៅតែព្យាយាមជ្រើសរើសផ្លូវនោះជាច្រើនដង វាប្រាកដជាងាយស្រួលសម្រាប់អ្នក​ ប្រសិនបើអ្នកដឹងថាផ្លូវណាដែលអ្នកកំពុងតែសាកល្បងដើរ។ ភាពបរាជ័យបាន បង្រៀនរឿងរ៉ាវជាច្រើនដល់អ្នក ផ្ទុយទៅវិញ ការស្តាយក្រោយ បានត្រឹមតែសំណួរជាច្រើនដែលមិនអាចឆ្លើយបានតែប៉ុណ្ណោះ។

ភាពជោគជ័យមិនមែនកើតឡើងដោយងាយស្រួលឡើយសម្រាប់មនុស្ស ម្នាក់ៗ ហើយមនុស្សជាច្រើនគិតថាភាពបរាជ័យគឺជារឿងអាម៉ាស់មួយ។ តែទោះជាយ៉ាងណា មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ភាពបរាជ័យ ហើយអ្នកដែលទទួលជោគជ័យទៀតសោតប្រាកដជាមានរឿងរ៉ាវជាច្រើននៅពីក្រោយ។ វាជារឿងធម្មតានោះទេ សម្រាប់ភាពបរាជ័យ។ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយកភាពបរាជ័យរបស់ខ្លួនមកធ្វើជាមេរៀនដើម្បីដោះស្រាយបញ្ហានៅថ្ងៃខាងមុខ ដើម្បីទទួលបានជោគជ័យលើអ្វីដែលអ្នកប៉ង។

អានអត្ថបទទាក់ទង

LEAVE A REPLY

Please enter your comment!
Please enter your name here