អត្ថប្រយោជន៍ទាំង ៧យ៉ាង នៅពេលអ្នកញ៉ាំទឹកច្រើន

0
381

តើការញ៉ាំទឹកមានសារៈសំខាន់ប៉ុណ្ណាទៅ? រាងកាយរបស់យើងមានផ្ទុកចំណុះជាតិទឹកដល់ទៅ៧០%។ ដូច្នេះហើយយើងគួរតែទទួលទានទឹកពី៨ទៅ១០កែវក្នុងមួយថ្ងៃ។ វានឹងជួយអោយរាងកាយរបស់អ្នកស្រស់ថ្លា ហើយសរីរាង្គផ្នែកខាងក្នុងអាចធ្វើការយ៉ាងមានប្រសិទ្ធិភាពផងដែរ។ ក្នុងនោះនៅមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត បើអ្នកចង់ដឹងថាមានអ្វីខ្លះនោះ តោះទៅមើលទាំងអស់គ្នា៖

១ ជួយដាស់ខួរក្បាល

បន្ទាប់ពីក្រោកពីគេងមកទទួលទានទឹកមួយកែវអាចជួយដាស់រាងកាយអោយភ្ញាក់ពីដំណេក និងធ្វើអោយមានអារម្មណ៍ស្រស់ស្រាយផងដែរ។ ការដែលដាស់ខួរក្បាលអោយភ្ញាក់គឺដើម្បីអោយអាចអ្នកធ្វើការប្រកបទៅដោយប្រសិទ្ធិភាព។ ពីព្រោះខួរក្បាលរបស់យើងផ្សំឡើងពីទឹក ៧៥ទៅ៨៥% នោះហើយទើបការទទួលទានទឹកធ្វើអោយអ្នកអាចតាំងស្មារតីបានយ៉ាងល្អ។

២ ញ៉ាំអាហារតិចជាងមុន

ត្រូវប្រាកដថាអ្នកបានទទួលទានទឹកសាប៣០នាទីមុននឹងទទួលទានអាហារ។ ដោយសារទឹកសាបនឹងជួយកាត់បន្ថយភាពឃ្លានរបស់អ្នក ក៏ដូចជាកាត់បន្ថយចំណង់ឃ្លានបង្អែមផងដែរ។

៣ ជួយអោយស្រកទម្ងន់

ការដែលទទួលទានទឹកគ្រប់គ្រាន់នឹងជួយអោយប្រព័ន្ធរំលាយអាហារធ្វើការបានប្រសើរ​, កាត់បន្ថយភាពឃ្លាន, ញ៉ាំតិចជាងមុន និងឆាប់ឆ្អែតផងដែរ។ នេះហើយជាកត្តាដែលធ្វើអោយអ្នកទទួលទានទឹកទៅស្រកទម្ងន់។

៤ កាត់បន្ថយការទល់លាមក

សម្រាប់អ្នកដែលមានបញ្ហាទល់លាមក គួរតែទទួលទានទឹកសាបអោយបានច្រើន។ ពីព្រោះទឹកនឹងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារអោយត្រឡប់មកធម្មតា។ ការដែលទទួលទានទឹកច្រើន នឹងជួយរក្សាជាតិទឹកដល់ពោះវៀន និងអាចបញ្ចេញចោលនូវអ្វីដែលមិនល្អបានយ៉ាងងាយស្រួលផងដែរ។ ក្រៅពីនេះទឹកក៏អាចជួយបញ្ចេញកាកសំណល់ និងជាតិពុលចេញពីរាងកាយផងដែរ។

៥ កាត់បន្ថយអាការៈអស់កម្លាំង

នៅពេលដែលអ្នកមានអារម្មណ៍នឿយហត់ឬអស់កម្លាំង ប្រហែលមកពីអ្នកកំពុងតែខ្វះជាតិទឹកក្នុងរាងកាយ។ ដូច្នេះហើយនៅពេលដែលអ្នកអស់កម្លាំង អ្នកត្រូវទទួលទានទឹកអោយបានច្រើន​។ នោះវានឹងជួយអោយខួរក្បាលភ្លឺថ្លា និងស្រស់ស្រាយដល់រាងកាយផងដែរ។

៦ បន្ថែមសំណើមដល់ស្បែក

ការដែលអ្នកទទួលទានទឹកតិចនឹងធ្វើអោយស្បែកស្ងួត, គ្រើម និងមិនមានសំណើមផងដែរ។ បើអ្នកទទួលទានទឹកបានគ្រប់ចំណុះ នោះនឹងធ្វើអោយស្បែករបស់អ្នកមានសំណើម, ស្រស់ថ្លា និងមើលមកមានសុខភាពល្អផងដែរ។

៧ ចំណេញលុយ

ក្រៅពីសុខភាពល្អហើយនោះ ទឹកក៏អាចសន្សំប្រាក់នៅក្នុងកាបូបលុយរបស់អ្នកបានផងដែរ។ ពីព្រោះទឹកសុទ្ធមានតម្លៃធូរថ្លៃជាងភេសជ្ជៈផ្សេងៗទៀត។ ហើយប្រសិនបើអ្នកនៅផ្ទះស្រាប់នោះ អ្នកនឹងមិនចាំបាច់ចំណាយប្រាក់ទិញឡើយ។ ទឹកពិតជាអត្ថប្រយោជន៍ច្រើនណាស់បានទាំងសុខភាព និងចំណេញទាំងប្រាក់ទៀត។

ទឹក គឺជាភេសជ្ជៈមួយដែលងាយស្រួលរកនៅស្ទើរគ្រប់ទីកន្លែង និងពោរពេញទៅដោយអត្ថប្រយោជន៍ផងដែរ។ នេះក៏ប្រហែលជាវិធីមួយដ៏ងាយស្រួលបំផុតក្នុងការថែទាំសុខភាពរបស់អ្នក ដោយអ្នកគ្រាន់តែទទួលទានទឹកអោយបានគ្រប់គ្រាន់។ តោះចាំអីទៀត មកចាប់ផ្តើមថែរក្សាសុខភាពទាំងអស់គ្នា!!

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here